វិធីសាស្ត្រតែងសេចក្តីបែបប្រៀបធៀប

១. សេចក្តីផ្តើម

– លំនាំបញ្ហា 

– ចំណូលបញ្ហា  

– ចំណោទបញ្ហា 

២. តួសេចក្តី

– ឃ្លាភ្ជាប់សេចក្តី

– ពន្យល់ពាក្យគន្លឹះ

– ពន្យល់ន័យប្រធាន

– បកស្រាយប្រធាន

  • លក្ខណៈដូចគ្នា
    • សរុបលក្ខណៈដូចគ្នា  
  • លក្ខណៈខុសគ្នា
    • សរុបលក្ខណៈខុសគ្នា
  • សរុបរួម

៣. សេចក្តីបញ្ចប់

– វាយតម្លៃប្រធាន (ឬកម្មវត្ថុប្រៀបធៀប)

– មតិចូលរួម

 

សំណេរប្រៀបធៀប​រវាង ទំុទាវ ទៅនឹង រូ៉មីអូ​ និងជូលីអែត

ប្រធានបទ: ចូរធ្វើការប្រៀបធៀបសេចក្តីស្នេហារបស់រឿង ​ទុំទាវ ទៅសេចក្តីស្នេហាររបស់រឿង រូ៉មីអូ និងជូលីអែត។​ 

អក្សរសិល្ប៍ មានមុខងារយ៉ាងសំខាន់ ក្នុងការផ្តល់ចំណេះដឹង ទៅដល់អ្នកសិក្សា ឱ្យមានឱកាសបាន ស្វែងយល់បន្ថែមអំពី ជីវភាពរបស់មនុស្ស សេចក្តីស្រឡាញ់ បរិបទសង្គម ក៏ដូចជាការគ្រប់គ្រង់ របស់អ្នកដឹកនាំ ណាមួយ។ មិនត្រឹមតែប៉ុណ្ណោះ អក្សរសិល្ប៍អាចឆ្លុះបញ្ចាំងរឿងរាវជាច្រើនទៀត ដែលបានកើតឡើង នាសម័យ កាលណាមួយ ដែលអ្នកនិពន្ធបានតាក់តែងយកមកបង្ហាញ។ ស្រដៀងនឹងនេះដែរ មានអក្សរសិល្ប៍ជាច្រើនដែល បាន និយាយទាក់ទងទៅនឹង សេចក្តីស្នេហា។ សេចក្តីស្នេហា បានកើតឡើងនៅក្នុងចិត្តមនុស្សគ្រប់ៗរូប តាំងពី ដឹងក្តីមកម៉្លេះ។​ ប៉ុន្តែនៅក្នុងបរិបទសង្គមមួយចំនួន មនុស្សមនាតែងតែប្រកាន់ភ្ចាប់នូវផ្នត់គំនិត ចាស់ៗបុរាណ ដូចជា «នំមិនធំជាងនាឡិ»។​ ដូច្នេះហើយ បានជាមានអក្សរសិល្ប៍ជាច្រើនដែលបាននិយាយរៀបរាប់ និងតាក់ តែងអំពីសេចក្តីស្នេហាដ៏ជូចត់ ដែលបានកើតឡើងនាសម័យ​កាលនីមួយៗដោយសារតែវណ្ណៈ គំនំុគំុគួន បញ្ហា គ្រួសារ និងភាពលោភលន់ ដែលជាមួលហេតុនាំឲ្យ សេចក្តីស្នេហាដ៏សែនផ្អែមល្ហែមមួយនោះ កែប្រែទៅជា សេចក្តីស្នេហាដ៏សែនជូចត់ និងរហូតទៅដល់ការបែកបាក់ ឫបាត់បង់ជីវិតថែមទៀតផង។ អាស្រ័យហេតុនេះ​ បានជាកវីជាច្រើន ខិតខំតាក់តែង អក្សរសិល្ប៍ ដែលទាក់ទងទៅនឹង សេចក្តីស្នេហា ដើម្បីឆ្លុះបញ្ចាំង និងជា ដំណោះស្រាយទៅលើបញ្ហាខាងលើ ដែលសង្ឃឹមថាអាចនឹងកែប្រែចិត្តមនុស្សបាន។ បើយើងក្រឡេងទៅមើល អក្សរសិល្ប៍មួយចំនួនដូចជា រឿងទំុទាវដែលបានតាក់តែងឡើងដោយ ព្រះបទុមស្ថេរ (ថេរៈ) សោម «ភិក្ខុសោម» ​និងរឿង រ៉ូមីអូ និងជូលីអែតវិញដែលបាននិពន្ធឡើងដោយលោក William Shakespear  យើងបានសង្គេតឃើញ ថាកវីទាំងពីររូបនេះ ហាក់បីដូចជាមានគំនិតប្រហាក់ប្រហែលនឹងគ្នាដែរស្មេរទាំងពីរូបនេះ បានរៀបរាប់អំពីស្នេហា លួចលាក់មួយ ដ៏សែនផ្អែមល្ហែមតែនៅចុងបញ្ចប់បែរជាជួបរឿងមួយ ដ៏សែនជូរចត់ ទៅវិញ។ ដោយហេតុនេះ ហើយបានប្រធានមួយនេះ​ តម្រូវឲ្យយើងធ្វើការប្រៀធៀបរវាងអក្សរសិល្ប៍ទាំងពីរនេះ។ 

តើស្នេហារវាង ទំុទាវ ប្រៀបធៀបទៅនឹង រូមីអូ និងជូលីអែត មានលក្ខណៈដូចគ្នា​ និងខុសគ្នាត្រង់ណាខ្លះ?

ដើម្បីជាចង្គៀង សម្រាប់បំភ្លឺទៅដល់ការបកស្រាយគំនិតប្រធានខាងលើនេះ យើងគួរគប្បីស្វែងយល់ ន័យរបស់ពាក្យគន្លឹះប្រធានជាមុនសិន។ «ស្នេហា» (គុណសព្ទ) គឺជាសេចក្តីស្រឡាញ់ស្និទ្ធ សេចក្តីស្រឡាញ់ ជាប់ចិត្ត និងស្អិតដូចជ័រ។ ជាការពិតណាស់ បើយោងទៅតាមការបកស្រាយពាក្យគន្លឹះខាងលើមួយនេះ គំនិត ប្រធានខាងលើមានន័យថា តើសេចក្តីស្រឡាញ់ជាប់ចិត្ត ដែលស្អិតដូចជ័រ រវាងរឿងទំុទាវ ទៅនឹង​ រឿងរូមីអូ និងជូលីអែត មានលក្ខណៈដូចគ្នា​ និងខុសគ្នាត្រង់ណាខ្លះ។ រឿងទំុទាវ ត្រូវបាននិពន្ធឡើងដោយ ព្រះបទុមស្ថេរ (ថេរៈ) សោម «ភិក្ខុសោម» នៅក្នុងសត្សវត្សទី ១៦។ ចំណែឯ រឿង រូ៉មីអូ និងជូលីអែតវិញ ត្រូវបាននិពន្ធឡើង ដោយលោក William Shakespeare ក្នុងសត្សវត្សទី១៥។ ទោះជាអក្សរសិល្ប៍ទាំងពីរនេះ មានលក្ខណៈ ប្រហាល់

ប្រហែលនឹងគ្នាយ៉ាងណាក៏ដោយ ក៏នៅតែមានចំណុចមួយចំនួន ដែលនៅតែមានលក្ខណៈខុសគ្នាដែរ។ 

ជាទឡ្ហីករណ៍ នៅក្នុងសេចក្តីស្នេហារវាង ទំុ និងទាវ បានសបញ្ចាក់ឲ្យយើងឃើញថា ស្នេហាពួកគេទាំង ពីរនាក់ គឺជាសេចក្តីស្នេហាភ្លើតភ្លើនមួយ គ្រាន់ឃើញភ្លាមស្រឡាញ់ភ្លែត។ ទន្ទឹមនឹងនេះ សេចក្តីស្នេហារបស់ រ៉ូមីអូ និងជូលីអែត ក៏ជាស្នេហាមួយដ៏ភ្លើតភ្លើនដែរ គ្រាន់តែពួកគេបានឃើញគ្នាភ្លាម ក៏មានការចាប់ចិត្ត​ ស្រឡាញ់ គ្នាភ្លែតតែម្តង។ នៅក្នុងអក្សរសិល្ប៍ រឿងទំុទាវ ទំុគឺជាកូនប្រុសរបស់ស្រ្តីមេម៉ាយម្នាក់នៅឯស្រុកបាភ្នំ ខេត្ត ព្រៃវែង ។ គេ បានបួសរៀនសូត្រ​នៅឯវត្ត វិហារធំ និងរៀនចេះមន្តអាគម ស្មូត​ ផ្លំុបីុ និងធ្វើតោកសម្រាប់លក់។ ដោយសារ តែខ្លួន ចេះធ្វើតោកយកមកលក់នេះហើយ បានជាគេធ្វើតោកយ៉ាងច្រើនសម្រាប់យកមកលក់នៅឯ ខេត្តត្បូងឃ្មំំ។ ក្រោយមក ទំ និងមិត្តសម្លាញ់របស់ខ្លួនឈ្មោះ ពេជ្របានសំុលាកគ្រូព្រះចៅអធិការ ដើម្បីយក់តោក ទៅលក់។ ជាដើមទង​ ដោយសារតែទំុ ចេះស្មូតជាមួយសម្លេង​ដ៏សែនពិរោះរណ្តំនេះហើយ ដែលជាមូលនាំឲ្យអ្នក ស្រុកខេត្ត ត្បូងឃ្មុំ នាំគ្នាផ្អើលឆោឡោមកស្តាប់យ៉ាងអ៊ូរអ៊រ។ រឿងនេះឯង ក៏បានលិចលឺឬទៅដល់នាង ទាវ​ដែលកំពុង ចូលម្លប់តាមប្រពៃណីខ្មែរ។ ខណៈនោះដែរ ទាវក៏បានសំុអង្វរម្តាយរបស់ខ្លួន ឲ្យទៅនិមន្តនេន្រទំុ មកស្មូតនៅផ្ទះ របស់ខ្លួនបានម្តង។ ពេលនេះនេន្រទំុ ក៏បានយល់ស្របនិមន្តមកផ្ទះនាង ហើយក៏ស្មូតបាន យ៉ាងពិរោះដូចគេ និយាយមែន។ ពេលនេះហើយ គឺជាវេលាដែលនាងទាវកំពុងតែចូលម្លប់នោះ ក៏លបមកមើលនេន្រទំុស្មូតហើយ ក៏បានចាប់ផ្តើមកើតកូនចិត្តលង់ស្រឡាញ់ទំុភ្លាម។ ទន្ទឹមនឹងនេះដែរ នេន្រទំុដែលកំពុងតែស្មូត ក៏ក្រឡេកឃើញ នាងទាវដែលកំពុងអើតលើមមើលខ្លួនកំពុងតែស្មូរ ក៏ចាប់ចិត្តស្រឡាញ់ នាងភ្លែតតែម្តង។ សេចក្តីស្នេហាមួយនេះ ហើយ គឺជាសេចក្តីស្នេហាដ៏ភ្លើតភ្លើនមួយ និងគ្រាន់តែឃើញគ្នាភ្លាម ក៏ចាប់ចិត្តស្រឡាញ់គ្នាភ្លែត។ យ៉ាងណាមិញ បើយើង ក្រឡេកទៅមើលអក្សរសិល្ប៍ រឿង រូ៉មីអូ​ និងជូលីអែតវិញ យើងឃើញថា សេចក្តីស្នេហារបស់ពួកគេ​ ទាំងពីរនាក់ ក៏បានចាប់ផ្តើមពីការឃើញមុខគ្នាតែមួយភ្លែតនោះដែរ។ រ៉ូមីអូ គឺជាកូនប្រុសដ៏សែនសង្ហារមួយរូប របស់គ្រួសារ Montague។ រីឯ ជូលីអែតគឺជាកូនស្រីដែលមានសម្រស់ស្រស់ស្អាតរបស់គ្រួសារ Capulet។ ជាងនេះទៅទៀត តាំងពីដើមឡើយគ្រួសារទាំងពីរនេះ មានជម្លោះសីុសាច់ហត់ឈាមគ្នា ហើយក៏មិនដែលត្រូវគ្នាម្តងណាឡើយ។ បើយើងងាកមក មើលសេចក្តីស្នេហារបស់រ៉ូមីអូ និងជូលីអែត ដែលគ្រាន់តែឃើញភ្លាម ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍គេភ្លែតនោះ ក៏បានចាប់ ផ្តើមនៅពេលដែលរ៉ូមីអូ បានលួចទៅចូលរួមកម្មវិធី របស់ក្រុមគ្រួសារ Capulet។ គ្រានោះហើយ រ៉ូមីអូក៏បានចោល នេត្រាទៅឃើញ ជូលីអែតហើយក៏បានសំុនាងធីតាមករាំជាមួយខ្លួន។ អំឡុងពេលនោះហើយ ដែលពួកគេទាំង ពីរនាក់ បានចាប់ចិត្តស្រឡាញ់គ្នាមក។ 

អ្វីដែលសំខាន់ជាងនេះ សេចក្តីស្នេហារបស់ទំុទាវ រវាងនឹង រ៉ូមីអូ​ និងជូលីអែតក៏បានជួបឧុបសកពីគ្រួសារ ដែរ។ ទំុ គឺជាមនុស្សដែលមានរូបសម្បត្តិសមរម្យ ព្រមទាំងចំណេះដ៏ខ្ពង់ខ្ពស់ផងដែរ។ តែជាអកុសល ដោយ ហេតុតែ​ទំុខ្វះទ្រព្យសម្បត្តិ ដូច្នេះហើយបានជា យាយផាន់ដែលជាម្តាយ នាងទាវ មិនយល់ព្រមលើកកូនឲ្យទៅទំុ តែបែជាចង់លោកកូនរបស់ខ្លួនឲ្យទៅ មឿនងួនដែលជាអ្នកមានទ្រព្យសម្បត្តិ និងជាកូនចៅហ្វាយខេត្ត ត្បូងឃ្មំុ ទៅវិញ។ បន្ថែមពីនេះ បើយើងក្រឡេងទៅមើល រឿងរ៉ូមីអូ និងជូលីអែតវិញ ស្នេហារបស់តួអង្គទាំងពីរនេះ ក៏បាន

ជួបប្រទះបញ្ហាពីគ្រួសារទាំងសងខាងដែរ។ ដោយហេតុតែគ្រួសារ​របស់រ៉ូមីអូ និងគ្រួសារជូលីអែតមានជម្លោះសុី សាច់ហត់ឈាមគ្នានេះហើយ បានជាហេតុនាំឲ្យស្នេហារបស់ពួកគេទាំងពីរមានភាពរអាក់រអួលដែរ។ 

ផ្សារភ្ជាប់ទៅនឹង ប្រធានបទដែលរៀបរាប់អំពីបញ្ហាគ្រួសារ​ ដែរធ្វើការប៉ះពាល់ទៅដល់សេចក្តី ស្នេហា របស់តួអង្គទាំងបួនរូបនេះ យើងក៏មានបញ្ហាមួយទៀតដែលយើងគួរតែធ្វើការប្រៀបធៀបដែរ។ នៅក្នុង អក្សរ​ សិល្ប៍ទាំងពីរខាងលើ វាបានសបញ្ចាក់ឲ្យយើងឃើញថា តួអង្គទាវ ក៏ដូចជា ជូលីអែតគឺសុតតែត្រូវបានទទួលនូវ ការបង្ខិតបង្ខំពីឪពុកម្តាយរបស់ខ្លួន ឲ្យទៅរៀបការជាមួយមនុស្សទាំងដែលខ្លួនមិនបានស្រឡាញ់ផង។ តួយ៉ាង នៅក្នុង រឿង ទំុទាវ ទាវក៏ត្រូវបានទទួលរកនូវការបង្ខិតបង្ខំពីម្តាយរបស់ខ្លួន ឲ្យទៅរៀបការជាមួយមឿនងួន​​ ដែល ជាមនុស្សមានទ្រព្យសម្បត្តិទៅវិញ។ រួមជាមួយគ្នានេះដែរ រឿងរ៉ូមីអូ និងជូលីអែត ជូលីអែតក៏ត្រូវបានមានការ បង្ខិតបង្ខំពី​ឪពុក​ ម្តាយរបស់ខ្លួនដែរ។ ជាឧទាហរណ៍ ជូលីអែតត្រូវបង្ខឲ្យទៅរៀបការជាមួយ Paris ដែលត្រូវជា សាច់ញាតិរបស់ស្តេចទៅវិញ។ 

គួរឲ្យកត់សម្គាល់ផងដែរថា នៅក្នុងអក្សរសិល្ប៍ទាំងពីរនេះ កវីទាំងពីររូបបានតាក់តែងរឿងទាំងពីរនេះ ឡើង ដោយឲ្យតួអង្គសំខាន់ៗ ទាំងបួននាក់ស្លាប់យ៉ាងអណោចអធម។ ​នៅក្នុងអក្សរសិល្ប៍ រឿងទំុទាវ ទំុត្រូវបាន ក្រុមអាមាត្យរបស់ អរជូន ដេញតាមសម្លាប់យ៉ាងរន្ធត់ក្រៃលែង។ ទំុត្រូវបានគេសម្លាប់ដោយសារ តែគេចោទថា ចង់មានបំណងបំបែកបំបាក់ កម្មវិធីរៀបអាពាហ៍ពិពាហ៍របស់មឺុនងួន ជាមួយនឹងនាងទាវ ដែលទាវក្លាយជាភរិយា របស់​ ខ្លួន​រួចទៅហើយ។ ដូច្នេះហើយក៏ត្រូវបានគេ ដេញសម្លាប់ ហើយក៏ត្រូវបានបង់ជីវិតនៅក្រោមដើមពោធិ៍ យ៉ាងកំសត់។ គ្រាន់តែដឹងដំណឹងនេះភ្លាម ទាវក៏បាន​ រត់ទៅតាមស្វែងរកមើល ព្រោះមិនជឿនូវសម្តីគេប្រាប់។ លុះត្រាតែ ទៅដល់ក្រោមដើមពោធិ៍នោះហើយ ទាវ ពិតជារន្ធត់ចិត្តឥតក្រៃលែង។ ភ្លាមៗនោះ ទាវក៏បានដក កំបិតស្នៀត ដែលគេយកទៅចាក់សម្លាប់ទំុនោះ មកចាក់ខ្លួនឯកដើម្បីបញ្ចប់ជីវិតក្នុងគ្រានោះតែម្តងទៅ។ ស្រដៀងនឹងនេះដែរ នៅក្នុងអក្សរសិល្ប៍ របស់លោក William Shakespere គាត់បានបញ្ចប់សាច់រឿងដោយ បញ្ចប់ជីវិតរបស់តួអង្គទាំងពីរដែរ។ រ៉ូមីអូក៏បាន លេបថ្នាំសម្លាប់ខ្លួន ដោយគិតថាជូលីអែត ត្រូវបានបាត់បង់ អាយុជីវិតរួចមកហើយ។ ប៉ុន្តែ ជូលីអែតគ្រាន់តែលេប ថ្នាំ​ដើម្បីធ្វើពុតជាស្លាប់តែប៉ុណ្ណោះ ដោយសារតែមិនចង់ ទៅរៀបការជាមួយ Paris. ក្រោយពីបានងើប​​ ពីការបាត់បង់ ស្មារតីអស់ជិតរយៈពេល ២៤ម៉ោងនោះ ទេពកញ្ញា ក៏បានឃើញស្វាមីរបស់ខ្លួន គឺរ៉ូមីអូ ត្រូវបានបាត់បង់អាយុ ជីវិត ជិតខ្លួនធីតាបាត់ទៅហើយ។  ភ្លាមៗនោះ ជូលីអែតមានសេចក្តីខ្លោចចិត្តយ៉ាងខ្លាំង ក៏យកកូនកាំបិតស្នៀតពីចង្កេះរបស់រ៉ូមីអូ យក មកបញ្ចប់សង្ខារបស់ខ្លួន នាពេលនោះទៅ។ ជាការពិតណាស់​ អក្សរសិល្ប៍ទាំងពីរនេះបានឆ្លុះបញ្ចាំងឲ្យយើង ឃើញថា វាមានកន្លែងជា ច្រើនដែលស្មេរទាំងពីររូបនេះបាននិពន្ធឡើងដូចគ្នា ជាមួយគោលគំនិតតែមួយ គឹចង់ ដោះស្រាយបញ្ហា និងផ្លាស់ ប្តួរផ្នត់គំនិតចាស់ៗបុរាណ។ កវីទាំងពីររូបនេះ គឺចង់ផ្លាស់ប្តូរផ្នត់គំនិតដែលបាន ពោលថា «នំមិនធំជាងនាឡិ»។  «នំមិនធំជាងនាឡិ» គឺមានន័យថា ទោះនំចំណីសម្រាប់បរិភោគ មិនថាជានំអ្វី ឫមាន ឱជារសឆ្ងាញ់យ៉ាងណា ក៏ដោយ ក៏នូវតែមិនមានទំហំធំជាងនាឡិដែររជារង្វាស់រង្វាល់នំដែរ។ ប៉ុន្តែបើយើងប្រៀប​ ធៀបជាមួយនឹងមនុស្ស លោកវិញ គឺមានន័យថាឪពុកម្តាយគឺជាអ្នកជ្រើសរើសគូរស្រករ​សម្រាប់កូនរបស់ខ្លួន។ ផ្ទុយទៅវិញ កវីទាំងពីររូប នេះ គឺចង់ផ្លាស់ប្តូរផ្នត់គំនិតមួយនេះដោយចង់ឲ្យកូនចៅជាអ្នករើសគូរស្រករសម្រាប់ខ្លួន ឯងទៅវិញ។ 

បើយើងបង្វិលទៅរក​មើល អក្សរសិល្ប៍ទាំងពីរនេះឡើងវិញម្តងទៀង យើងឃើញថា វាក៏មានសភាពខុស គ្នារវាងរឿងទាំងពីរនេះ តែក៏មិនមានច្រើននោះដែរ។ ជាទឡ្ហីករណ៍ សេចក្តីស្រឡាញ់របស់ទំុ និងទាវគឺជាសេចក្តី ស្នេហា មិនមែនជាការលួចលាក់នោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ការរៀប​​អាពាហ៍ពិពាហ៍ របស់គេទាំងពីររូប ក៏ត្រូវ បានការដឹងលឺពីស្តេចខ្មែរដែរគឺ ព្រះនាម ស្តេចរាមាជើងព្រៃ។ ប៉ុន្តែដោយសារ តែសេចក្តីលោភលន់របស់យាយ ផាន់ដែរជាម្តាយរបស់ទាវ គាត់ក៏បានរៀបចំពិធីមង្គលការរបស់ ទាវម្តងទៀតតែលើនេះជាមួយនឹង មឺុនងួនទៅ​​​ វិញ។​​ ផ្ទុយទៅវិញ ចំពោះរឿង រ៉ូមីអូ និងជូលីអែតវិញ សេចក្តីស្នេហារបស់គេទាំងនាក់វិញ គឺជាសេចក្តីស្នេហា​ ដែរ មានការលួចលាក់ពី ឪពុកម្តាយរៀងៗខ្លួន។ គ្រាន់តែបានជួបគ្នាតែម្តងគត់តែប៉ុណ្ណោះក៏មានគម្រោងចង់ រៀប ​​អាពាហ៍ពិពាហ៍ជាមួយនឹងគ្នារួចទៅហើយ។ ជាការពិតណាស់ ការជួបគ្នាជាលើកទីពីរ គឺជាពេលវេលាដែល គេ​ ទាំងពីររូបបានរៀបការជាមួយគ្នាដោយមិនបានមានការដឹងលឺ ពីឪពុកម្តាយនោះទេ។ លុះត្រាតែជីវិតរបស់គេ ទាំងពីរត្រូវបានបាត់បង់ហើយ ទើបឪពុកម្តាយរៀងៗខ្លួន បានជ្រាបដំណឹងអំពីសេចក្តីស្នេហារបស់គេទាំងពីររូប។ អាស្រ័យហេតុនេះ វាអាចសបញ្ចាក់ឲ្យយើងឃើញថា អក្សរសិល្ប៍ទាំងពីរនេះ វាក៏មានកន្លែងមួយចំនួន ដែលស្មេរ ទាំងពីររូបនេះបាននិពន្ធឡើងដែរមានសភាពខុសគ្នាដែរ។ 

ជាការសន្និដ្ឋានឡើងវិញ យើងអាចវាយតម្លៃបានថាអក្សរសិល្ប៍ទាំងពីរនេះ បាននិពន្ធឡើងដោយក្នុង គោលបំណងចង់លុបបំបាត់ផ្នត់គំនិតចាស់ៗបុរាណដូចជា «នំមិនធំជាងនាឡិ»។ រឿងទំុទាវ និងរឿងរ៉ូមីអូ និងជូលីអែត បាននិយាយរៀបរាប់ អំពីសេចក្តីស្នេហាដ៏ផ្អែមល្ហែម ប៉ុន្តែដោយសារតែវណ្ណៈ គំុនំគម់គួន បញ្ហា គ្រួសារ និងភាពលោភលន់ បាននាំឲ្យ សេចក្តីស្នេហាដ៏សែនផ្អែមល្ហែមមួយនោះ កែប្រែទៅជា សេចក្តីស្នេហាមួយ ដ៏សែនជូចត់ និងរហូតទៅដល់ការបាត់បង់ ជីវិតថែមទៀតផង។ អ្វីដែលសំខាន់ជាងនេះទៅទៀត យើងអាច សង្គេតឃើញថាកវីទាំងពីររូបនេះហាក់បីដូចជា មានគំនិតប្រហាក់ប្រហែលនឹងគ្នា ដែលជាហេតុនាំឲ្យមា​នការ ប្រៀប​​ធៀបមួយនេះ។ ជារការពិតណាស់អក្សរសិល្ប៍ទាំងពីរនេះ បានតាក់តែងឡើងដោយមានចំណុចមួយចំនួន ដូចគ្នាដូចជាសេចក្តីស្នេហាទៅក្នុងរឿងទាំងពីរនេះ គឺជាសេចក្តីស្នេហាមួយដ៏ភ្លើតភ្លើនគ្រាន់ឃើញភ្លាម​​ ក៏ ស្រលាញ់ភ្លែត។ មិនត្រឹមតែប៉ុណ្ណោះបញ្ហាគ្រួសារ គឺជាបញ្ហាដ៏ចំបងមួយដែល ដែលបានធ្វើការប៉ះពាល់ដល់ សេចក្តីសេ្នហា របស់តួអង្គទាំងបួនរូបនេះ។ ម្យា៉ងវិញទៀត​ តូអង្គស្រីនៅក្នុងរឿងទាំងពីរនេះ ត្រូវបានមានការ បង្ខិតបង្ខំពីឪពុកម្តាយឲ្យទៅរៀបការជាមួយមនុស្ស ដែលខ្លួនមិនបានស្រឡាញ់។ ជាអវសាន តូអង្គទាំងបួន រូបនេះ ត្រូវបានបាត់បង់ជីវិតយ៉ាងអនោចអធមនៅទីបញ្ចប់ទៅវិញ។ ផ្ទុយទៅវិញ យើងក៏បានឃើញថា មាន ចំណុច មួយចំនួនដែលមានលក្ខណខុសគ្នា គឺសេចក្តីសេ្នហារបស់ទំុ និងទាវគឺជាសេចក្តីសេ្នហាមួយដែលមិនបាន មានការ លួចលាក់ពីឪពុកម្តាយនោះទេ។ ផ្ទុយទៅវិញសេចក្តីស្នេហារបស់ រ៉ូមីអូ និងជូលីអែតវិញ គឺជាសេចក្តី សេ្នហាមួយដែលមានការលួចលាក់ពីឪពុកម្តាយ។

ផ្អែកទៅលើការប្រៀបធៀបខាងលើ យើងអាចសន្និដ្ឆានបានថាអក្សរសិល្ប៍ទាំងពីរនេះ មានលក្ខណដូច គ្នាជាច្រើនជាង ចំណុចលក្ខណខុសគ្នា។ អក្សរសិល្ប៍ទាំងពីរនេះ មានលក្ខណដូចគ្នាបូករួមទាំងអត្ថន័យ​ អត្ថរូប និង អត្ថរស។ ឆ្លងទៅតាមការប្រៀបធៀបខាងលើ វាអាចឆ្លុះបញ្ចាំងបានថា រឿងទាំងពីរនេះដែលបានតាក់តែង និងនិពន្ធឡើងដោយ  ព្រះបទុមស្ថេរ (ថេរៈ) សោម «ភិក្ខុសោម» ​និងលោក William Shakespear ក្នុងគោល បំណងតែមួយគឺ ចង់ផ្លាស់ប្តូរផ្នត់គំនិតចាស់ៗបុរាណដូចដែលបានពោលថា «នំមិនធំជាងនាឡិ»។ អាស្រ័យ ហេតុ នេះហើយ បានជាកវីទាំងពីររូបនេះ ខិតខំតាក់តែងអក្សរសិល្ប៍ ដែលទាក់ទងទៅនឹង សេចក្តីស្នេហា ដើម្បីឆ្លុះ បញ្ចាំង និងជាដំណោះស្រាយ ដែលសង្ឃឹមថាអាចនឹងកែប្រែចិត្តមនុស្សបាន។ ជាការពិតណាស់ ឪពុកម្តាយមួយចំនួនធំ បានយល់ច្បាស់នូវរឿងមួយនេះ ក៏ចាប់ផ្តើមបើកសិទ្ធឲ្យ កុលបុត្រ កុលធីតារបស់ខ្លួន ជាអ្នកមានសិទ្ធ ក្នុងការរើសគូរស្រករសម្រាប់ខ្លួន។ 

ជាចុងក្រោយ យើងជាកូនចៅជំនាន់ក្រោយ គួរគប្បីស្វែងយល់បន្ថែមឲ្យបានសីុជម្រៅនូវ  អក្សរ សិល្ប៍នីមួយៗ មិនថាអក្សរសិល្ប៍ជាតិ ឫក៏អក្សរសិល្ប៍បរទេសនោះទេ គឺសុតតែមានប្រយោជន៏ និងផ្តល់ចំណេះ ដឹងដល់យើងគ្រប់ៗរូប។ តួយ៉ាង ដូចជារឿងទាំងពីរនេះ បានឆ្លុះបញ្ចាំងឲ្យយើងបានឃើញថា វាគឺជាដំណោះ ស្រាយមួយដែលបានដោះស្រាយបញ្ហាដ៏អយុត្តិធម៍មួយនេះសម្រាប់យើងដែលជា កូនចៅមិនអាចមានសិទ្ធក្នុង ការជ្រើសរើសគូរស្រកររបស់ខ្លួន។ ដូចដែលលោកគ្រូរបស់ខ្ញំុ គាត់បាននិយាយថា «បើទំុទាវមិនបានស្លាប់ ក្នុងសម័យនេះទេ ទំុទាវសម័យនេះគ៏មិនរស់ដែរ»។ 

       

Leave a Reply

Your email address will not be published. Required fields are marked *